កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺករណីជម្លោះពាក្យសម្ដីនៅប្រាសាទតាមាន់ធំរវាងទេសចរជនជាតិខ្មែរនិងទាហានប៉ារ៉ាថៃកាលពីថ្ងៃអង្គារ។ ជាមួយនឹងឧបទ្ទវហេតុដដែលៗនៅប្រាសាទតាមាន់ធំស្ថិតក្នុងខេត្តឧត្តរមានជ័យ ពេលនេះនៅតំបន់នោះក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត។

ទាហានខ្មែរនិងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីយ៉ាងតឹងសរសៃកនិងរុញច្រានគ្នាមួយប្រាវនៅចំណុចប្រាសាទតាមាន់ធំកាលពីថ្ងៃអង្គារ ក្រោយពីទាហានប៉ារ៉ាថៃម្នាក់រារាំងស្ត្រីជាជនជាតិខ្មែរម្នាក់ឡើងទៅទស្សនាប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺកាលពីថ្ងៃអង្គារថា ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរម្នាក់ក៏មិនសប្បាយចិត្តរហូតនាំដល់ការភាន់ច្រឡំនិងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃម្នាក់នោះបានហាមឃាត់ស្ត្រីជាជនជាតិខ្មែរនោះឡើងទៅទស្សនាប្រាសាទតាមាន់ធំ។

លោកស្រីបន្ថែមថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជានិងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។

លោកស្រីបានបញ្ជាក់ថា៖ «ភ្លាមនោះមេបញ្ជាការទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា ពោលគឺមិនប៉ះពាល់ដល់ការទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ»។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed