បន្ទាប់ពីការថ្លែងរបស់លោក រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។ ភាគីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពឱ្យបានពេញលេញចំពោះដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយស្របតាមច្បាប់អន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប្រធានអាស៊ានបានឱ្យដឹងថា «យើងស្វាគមន៍ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយបានអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពរបស់ខ្លួន ដោយមានគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់ទាំងមូល»។
រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការដែលបានឯកភាពគ្នាទាំងអស់ ស្របតាមអាណត្តិរបស់ខ្លួន។
សេចក្តីប្រកាសបានបន្ថែមថា «យើងស្វាគមន៍បន្ថែមទៀតចំពោះការពង្រីកអាណត្តិរបស់ AOT និងបានកត់សម្គាល់ពីជំហានដែលបានធ្វើឡើងដោយប្រទេសម៉ាឡេស៊ី ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូននៃតួនាទីសម្របសម្រួលទៅឱ្យប្រទេសហ្វីលីពីនជាប្រធានអាស៊ាន»។
ភាពតានតឹងព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងចាប់តាំងពីខែឧសភា ឆ្នាំមុន ហើយបានកើនកម្តៅដល់ការប្រយុទ្ធគ្នាចំនួនពីរលើក៖ លើកទីមួយចាប់ពីថ្ងៃទី ២៤-២៨ ខែកក្កដា និងបន្ទាប់មកចាប់ពីថ្ងៃទី ៧-២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងអំឡុងពេលទាំងនេះ កម្ពុជាបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សហគមន៍ក្នុងតំបន់ សាលារៀន និងប្រាសាទបុរាណ រួមទាំងប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ AKP
