ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់ ឱ្យទ្រោមខ្លួន ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌជាច្រើនរបស់លោក ក្នុងនោះមានទាំងការចុះកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទេនោះ។ «ពេលវេលាជិតអស់ហើយ សម្រាប់អ៉ីរ៉ង់ចរចាលើកិច្ចព្រមព្រៀងរបៀបនេះ»។ នេះជាការគំរាមរបស់លោក ត្រាំ កាលពីថ្ងៃទី២៨ ខែមករា។
ក្រុមអ្នកវិភាគយល់ថាលោក ត្រាំ និងអ៉ីស្រាអែលទំនងជាកំពុងសម្លឹងឃើញថាពេលនេះជាឱកាសល្អបើកការវាយប្រហារដែលនាំទៅរកការដួលរលំរបបដឹកនាំអ៉ីរ៉ង់ និងការប្រែប្រួល តុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ ការបង្ខំឱ្យអ៉ីរ៉ង់ទាល់ច្រកអាចនឹងបង្កហានិភ័យផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ តាមរយៈការវាយប្រហារកាលពី ខែមិថុនា ឆ្នាំ២០២៥ លើអ៉ីរ៉ង់ និងការវាយប្រហារក្នុងខែមករានេះលើវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ លោក ត្រាំ បានបង្ហាញថារូបលោក ចូលចិត្តធ្វើសកម្មភាពចំណាយពេលខ្លីដែលមិនធ្វើឱ្យសហរដ្ឋអាមេរិកជាប់ផុងក្នុងជម្លោះរ៉ុំារ៉ៃ។
លោក Ali Vaez ជាអ្នកជំនាញម្នាក់ស្ដីពីអ៉ីរ៉ង់មកពីស្ថាប័ន International Crisis Group បាននិយាយថា «លោក ត្រាំចូលចិត្តប្រតិបត្តិការដែលចំណាយតិច ហើយចំណេញ កប់ក្ដោង។ ប៉ុន្តែជាមួយអ៉ីរ៉ង់ លោកអាចចំណេញកប់ក្ដោង តែមិនមែនចំណាយតិចនោះទេ»។ តាមអ្នកជំនាញរូបនេះ លោក ត្រាំ ក៏ហាក់កំពុងស្ទាក់ស្ទើរផងដែរ។ «លោក ត្រាំកំពុង ព្យាយាមប្រើប្រាស់ការសម្លុតគំរាមអ៉ីរ៉ង់ឱ្យចុះញ៉ម។ តែខ្ញុំមិនគិតនោះទេថាការធ្វើបែបនេះនឹងបានផល។ អ៉ីរ៉ង់ដែលទាល់ច្រក គឺហ៊ានធ្វើអ្វីៗគ្រប់យ៉ាងមិនថាជាការវាយប្រហារលើ ប្រជាជនខ្លួនឯង ឬក៏សត្រូវរបស់ខ្លួននោះទេ»។ នេះជាការយល់ឃើញបស់លោក Vaez។ អ៉ីរ៉ង់បានគំរាមថានឹងធ្វើការសងសឹកយ៉ាងចាស់ដៃប្រឆាំងនឹងសហរដ្ឋអាមេរិក អ៉ីស្រាអែល និងសម្ព័ន្ធមិត្តទាំងអស់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ បើខ្លួនរងការវាយប្រហារ។
«កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ត្រៀមលក្ខណៈរួចជាស្រេចដោយម្រាមដៃរបស់ពួកគេត្រៀមកេះកៃកាំភ្លើងភ្លាមៗ និងប្រកបដោយថាមពលសងសឹកទៅនឹងការឈ្លានពាន មិនថាតាមជើងទឹក ឬជើងគោក»។ នេះជាការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi។ តែព្រមពេលជាមួយគ្នា ប្រមុខការទូតអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែមករា ក៏បានអំពាវនាវជាថ្មី ផងដែរឱ្យមានការចាប់ផ្ដើមឡើងវិញនូវកិច្ចចរចាដែលកំពុងជាប់គាំងស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ជាមួយសហរដ្ឋអាមេរិក។ ក្រុមអ្នកវិភាគមើលឃើញថាទោះជារងការវាយប្រហារពីអាមេរិក និងអ៉ីស្រាអែលកាលពីខែមិថុនា ឆ្នាំមុនក៏ពិតមែន តែអ៉ីរ៉ង់នៅតែមានសមត្ថភាពវាយប្រហារសងសឹកលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមមានអ៉ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។
ជាសាធារណៈ អ៉ីរ៉ង់បានប្រកែកថាមិនបានសុំចរចាជាមួយសហរដ្ឋអាមេរិកទេ តែនៅពីក្រោយឆាក ក្រុមមន្ត្រីអ៉ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានព្យាយាមស្វែងរកជំនួយពីក្រុមមន្ត្រីការទូត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងអេហ្ស៉ីបឱ្យជួយសម្របសម្រួលឱ្យមានការបើកកិច្ចចរចាឡើងវិញជាមួយសហរដ្ឋអាមេរិក និងបញ្ចៀសសកម្មភាពយោធា។ ក្រុមប្រទេសអារ៉ាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលលោក ត្រាំ កុំឱ្យធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់កាលពីជាង៣សប្ដាហ៍មុន។ នៅពេលនោះ សហរដ្ឋអាមេរិកមិនមាននាវាផ្ទុកយន្ដហោះចម្បាំង ក្នុងតំបន់មជ្ឈិមបូព៌ាទេ ប៉ុន្តែក្រោយបញ្ចប់ប្រតិបត្តិការយោធានៅវ៉េណេស៊ុយអេឡា លោក ត្រាំ ឥលូវ កងនាវាចម្បាំងមួយក្រុមធំដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln ត្រូវបានរាយការណ៍ថាបានធ្វើដំណើរចូលក្នុងតំបន់មជ្ឈិមបូព៌ាហើយ ដែលនេះនឹងផ្ដល់ឱ្យលោក ត្រាំនូវជម្រើសយោធាយ៉ាងទូលំទូលាយ។
លោកស្រី Suzanne Maloney ជាអ្នកជំនាញស្ដីពីអ៉ីរ៉ង់មកពីស្ថាប័ន Brookings Institution មានមូលដ្ឋាននៅសហរដ្ឋអាមេរិកយល់ថា «គេមិនអាចប្រងើយកន្ដើយចំពោះការគំរាម របស់អ៉ីរ៉ង់ឡើយ»។ លោកស្រីបន្តថា «គ្មាននរណាម្នាក់អាចធានាបានទេថាអ៉ីរ៉ង់នឹងនៅស្ងៀមឱ្យសហរដ្ឋអាមេរិកវាយតាមចិត្ត រីឯលោក ត្រាំវិញក៏មិនចង់ឱ្យសហរដ្ឋអាមេរិកជាប់ផុងក្នុងសង្រ្គាម ឬជម្លោះរ៉ុំារ៉ៃជាមួយអ៉ីរ៉ង់នោះដែរ»។ តាមលោកស្រី Maloney លោក ត្រាំបានបង្កើតបញ្ហាមួយសម្រាប់ខ្លួនឯង។ នោះគឺតាមរយៈការសន្យាធ្វើសកម្មភាព ដើម្បីគាំទ្របាតុករអ៉ីរ៉ង់ប្រឆាំងនឹង របបដឹកនាំតេហេរ៉ង់ ពិតណាស់លោកបានបង្កើតឱ្យមានក្ដីសង្ឃឹម និងបានភ្នាល់ភាពគួរឱ្យទុកចិត្តរបស់លោកនៅលើពាក្យសន្យានេះ។ នៅលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានបង្ហោះសារជំរុញលើកទឹកចិត្តដល់ក្រុមបាតុករអ៉ីរ៉ង់ និងប្រកាសពីការបញ្ជូននាវាចម្បាំងមួយកងធំទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលនេះមើលទៅហាក់ដូចជាលោកបានដាក់កាតព្វកិច្ចមួយលើ ខ្លួនឯងថាត្រូវតែធ្វើសកម្មភាព។

ដោយឡែក លោកស្រី Sanam Vakil ជានាយកកម្មវិធីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងមកពីស្ថាប័ន Chatham House ក្នុងទីក្រុងឡុងដ៍ បានកត់សម្គាល់ថាលោក ត្រាំ ពិតណាស់ កំពុងស្ថិតនៅក្រោមសម្ពាធត្រូវតែធ្វើអ្វីមួយ ជាពិសេសក្នុងពេលអ៉ីរ៉ង់ដែលជាសត្រូវរបស់ខ្លួនកំពុងចុះខ្សោយ។ សម្រាប់លោកស្រី Vakil មនុស្សជាច្រើននៅជុំវិញលោក ត្រាំ ប្រហែលជា កំពុងស្រេកឃ្លាននឹងឱកាសបច្ចុប្បន្ន ដើម្បីផ្លាស់ប្ដូរតុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា។ «លោក ត្រាំ ធុំក្លិនភាពទន់ខ្សោយនៅក្នុងរបបដឹកនាំអ៉ីរ៉ង់ ខណៈមនុស្សមួយចំនួននៅជុំវិញ រូបលោកបារម្ភថាប្រសិនបើមិនធ្វើសកម្មភាពតាមរយៈការដាក់សម្ពាធ ឬការវាយប្រហារយោធាណាមួយទេ នោះលោកនឹងបាត់បង់ឱកាសមួយដ៏ធំ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Vakil។
ការទាមទាររបស់សហរដ្ឋអាមេរិកពីអ៉ីរ៉ង់ត្រូវបានពង្រីកបន្ថែម។ ក្នុងនោះទីក្រុងវ៉ាស៊ីនតោនបានដាក់លក្ខខណ្ឌឱ្យអ៉ីរ៉ង់ឈប់ចម្រាញ់អ៊ុយរ៉ាញ៉ូមជាអចិន្ត្រៃយ៍ បោះចោលស្ដុកអ៊ុយរ៉ាញ៉ូមទាំងអស់ ដាក់ការកម្រិតលើរយៈចម្ងាយ និងចំនួនមីស៊ីលបាលិស្ទីគ ព្រមទាំងបញ្ឈប់ការគាំទ្រដល់ក្រុម Poxy របស់ខ្លួនទាំងអស់ក្នុងតំបន់ដូចជាហាម៉ាសនៅហ្កាហ្សា ហេសបូឡានៅលីបង់ និងហ៊ូទី នៅយេម៉ែន។ លក្ខខណ្ឌទាំងអស់នេះប្រៀបបានដូចជាការចាប់ច្របាច់កអ៉ីរ៉ង់ និងជារឿងមិនអាចទទួលយកបានសម្រាប់របបដឹកនាំតេហេរ៉ង់។ លោក Vaez បាននិយាយថាអ៉ីរ៉ង់អាចបង្ហាញពី ភាពបត់បែនលើបញ្ហានុយក្លេអ៊ែរ តែប្រសិនបើសហរដ្ឋអាមេរិកចង់បំបាក់មុខអ៉ីរ៉ង់តាមរយៈការរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុង នោះអ៉ីរ៉ង់នឹងចាត់ទុកថាលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកគឺជា ថ្នាំពុល។ លោក Vaez បានសង្កត់ធ្ងន់ទៀតថាការទាមទារឱ្យអ៉ីរ៉ង់បញ្ឈប់ការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់ ប្រៀបបានទៅនឹងការសុំចុះចាញ់ដែលរបបអ៉ីរ៉ង់សព្វថ្ងៃចាត់ទុកជារឿង ដ៏អាម៉ាស់ និងជាគ្រោះថ្នាក់ដ៏ធំចំពោះអំណាចរបស់ខ្លួន ជាងការប្រឈមមុខយោធាជាមួយសហរដ្ឋអាមេរិកទៅទៀត។ ពីព្រោះយ៉ាងហោចណាស់ បើមានសង្រ្គាម ឬជម្លោះជាមួយអាមេរិក ផ្ទុះឡើង វាអាចទុកឱកាសឱ្យរបបអ៉ីរ៉ង់ដុតបញ្ឆេះគំនិតស្នេហាជាតិ បើទោះជារដ្ឋាភិបាលខ្លួនកំពុងរងការថ្កោលទោសក៏ដោយ។
លោកស្រី Vakil ជឿថាលោក ត្រាំនឹងធ្វើសកម្មភាពនៅក្រោមសេណារីយ៉ូជាច្រើនដូចជាព្យាយាមសម្លាប់មេដឹកនាំនៃរបបដឹកនាំអ៉ីរ៉ង់ កម្ទេចរចនាសម្ព័ន្ធអំណាច និងវាយប្រហារយ៉ាងដំណំលើ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ដែលជាអ្នកការពាររបបដឹកនាំលោក Ayatollah Ali Khamenei និងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដើម្បីសម្លាប់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលអ៉ីរ៉ង់។ លោកស្រីបន្ថែមថាវាយប្រហារណាមួយនឹងមានរួមបញ្ចូលកិច្ចប្រឹងប្រែងដើម្បីបំផ្លាញប្រព័ន្ធការពារដែនអាកាសអ៉ីរ៉ង់ដែលកំពុងទន់ខ្សោយស្រាប់ រោងចក្រផលិតមីស៊ីលបាលិស្ទីគ និងប្រព័ន្ធបាញ់មីស៊ីលដើម្បីទប់ស្កាត់ឱ្យកុំឱ្យអ៉ីរ៉ង់មានសមត្ថភាពសងសឹកទ្រង់ទ្រាយធំ។ ការវាយប្រហារទាំងនេះបើកើតឡើងពិតមែន នោះវាអាចឱ្យលោក ត្រាំ មានសមត្ថភាពបង្ខំឱ្យអ៉ីរ៉ង់ យល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយស្ដីពីកម្មវិធីនុយក្លេអ៊ែរតែមួយប៉ុណ្ណោះ ហើយស្ថានការណ៍អាចនឹងធូរស្រាលដោយមិនចាំបាច់ធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំទេ។ អ្នកវិភាគជាច្រើន ក៏មើលឃើញដែរថាក្រោយរងការវាយប្រហារកាលពីខែមិថុនា អ៉ីរ៉ង់មិនមានលទ្ធភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទេ ដូច្នេះវាអាចទៅរួចថាអ៉ីរ៉ង់មានកូនចិត្តទទួលយកកិច្ចព្រមព្រៀងមួយដើម្បី បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមរួមគ្នាក្នុងតំបន់។ ការធ្វើបែបនេះអាចនឹងធ្វើឱ្យមេដឹកនាំអ៉ីរ៉ង់រងភាពអាម៉ាស តែវាអាចឱ្យពួកគេបន្តរក្សាអំណាច។
គួរបញ្ជាក់ថា ថាតើនឹងមានរឿងអ្វីកើតឡើង ក្នុងករណីដែលរបបដឹកនាំអ៉ីរ៉ង់ដួលរលំគឺជាសំណួរមួយដ៏ពិបាករកចម្លើយ ហើយវាក៏គ្មានការធានានោះដែរថាជាលទ្ធផលនឹងនាំទៅរកប្រជាធិបតេយ្យ និងសន្តិភាព។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃទី២៨ ខែមករា បានប្រាប់តំណាងរាស្ត្រអាមេរិកថាការបង្កើនវត្តមានយោធាអាមេរិកនៅក្បែរអ៉ីរ៉ង់ មានគោលដៅមួយផ្នែកធំដើម្បីការពារកងទ័ពអាមេរិករាប់ម៉ឺននាក់ដែលកំពុងឈរជើងក្នុងតំបន់ ដែលដ្រូន និងមីស៊ីលអ៉ីរ៉ង់អាចបាញ់ដល់ពួកគេ។ តាមលោកប្រមុខការទូតអាមេរិក ការបង្កើនវត្តមានយោធាអាមេរិកជាវិធានការបង្ការការពារខ្លួន ប៉ុន្តែកងកម្លាំងអាមេរិកក៏អាចនឹងបើកការវាយប្រហារបង្ការទុកមុនប្រឆាំងអ៉ីរ៉ង់ ក្នុងករណីចាំបាច់ផងដែរ។ ថាតើនឹងមានអ្វីកើតឡើង ប្រសិនបើរបបដឹកនាំអ៉ីរ៉ង់ដួលរលំ លោក Rubio បាននិយាយថាគ្មាននរណាម្នាក់ដឹងប្រាកដនោះទេ៕
