(ភ្នំពេញ)៖ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ សេចក្តីរាយការណ៍ជុំវិញល្បិចយោធាដ៏ស្មុគស្មាញ កំពុងបង្កើតសេណារីយ៉ូ រួមបញ្ចូលគ្នាមួយ ដើម្បីរកការទម្លាក់កំហុសដាក់មកលើកម្ពុជា ក្នុងបំណងបំភាន់ភ្នែកពិភពលោក។ ប្រភពដែលអាចទុកចិត្តបាន ពីក្នុងប្រទេសថៃ បានលាតត្រដាងនូវផែនការដ៏ងងឹតមួយរបស់កងទ័ពភូមិភាគទី២របស់ថៃ ដែលចង់បំផ្លាញសន្តិភាព២៦ឆ្នាំរបស់កម្ពុជា ដោយប្រើមីនចាស់ៗ ការក្លែងខ្លួនជាទាហានខ្មែរ និងការបង្កើតភស្តុតាងក្លែងក្លាយជាច្រើនទៀត ដើម្បីចោទប្រកាន់ថា កម្ពុជាល្មើសបទឈប់បាញ់ និងបំពានអនុសញ្ញាអូតាវ៉ា។

ប្រសិនបើល្បិចកលនេះ ត្រូវបានអនុវត្តបានសម្រេចមែន ការរៀបចំរកសន្តិភាពមួយដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាត្រូវបំផ្លាញ នឹងអាចនាំទៅរកការផ្ទុះសង្គ្រាមសាជាថ្មីមិនខានឡើយ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

ក្នុងបរិយាកាសតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលសង្ស័យមានបង្កប់ស្រទាប់ល្បិចខ្មៅកខ្វក់របស់ក្រុមយោធាថៃថែមទៀតនោះ ប្រភពដែលអាចទុកចិត្តបានពីក្នុងប្រទេសថៃ បានលាតត្រដាងពីផែនការដ៏គួរឱ្យព្រួយបារម្ភមួយរបស់កងទ័ពភូមិភាគទី២ថៃ ក្នុងការប្រឌិតបង្កើតឧប្បត្តិហេតុ បំប៉ោងការពិត និងបង្កើតជាលេសសម្រាប់ការឈ្លានពានយោធាជាថ្មីប្រឆាំងនឹងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា។ ប្រសិនបើផែនការដ៏ខ្មៅកខ្វក់នេះ នឹងត្រូវបានបិទបាំងការពិតនៃភាពរងគ្រោះរបស់កម្ពុជាមែននោះ វានឹងមិនត្រឹមតែធ្វើឱ្យខូចដល់បទឈប់បាញ់ដ៏ផុយស្រួយ ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក Donald Trump ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ឧបាយកលជម្លោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

យោងតាមប្រភពគួរឱ្យទុកចិត្តទាំងនេះ ថ្នាក់ដឹកនាំយោធាថៃ ដឹកនាំដោយឧត្តមសេនីយឯក Boonsin Padklang កំពុងរៀបចំឧប្បត្តិហេតុ ដែលនឹងបង្ហាញការក្លែងបន្លំថា កម្ពុជាជាអ្នករំលោភលើអនុសញ្ញាអូតាវ៉ា និងកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ គម្រោងបោកប្រាស់ដ៏មហិមានេះពាក់ព័ន្ធនឹងការបង្កប់គ្រាប់មីន, ការបង្ហាញភស្តុតាង និងការក្លែងបន្លំឱ្យទាហានថៃធ្វើជាទាហានកម្ពុជា ដើម្បីបំភ័ន្តអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ គោលដៅនៃផែនការដ៏ខ្មៅកខ្វក់នោះ គឺដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ និងពិភពលោកថា កម្ពុជាកំពុងដាក់គ្រាប់មីនថ្មី និងចោទទៀតថា កម្ពុជារំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីអាចធ្វើជាមូលហេតុនាំការផ្ទុះសង្គ្រាមសាជាថ្មីរវាងប្រទេសទាំងពីរ។

* កលល្បិចបោកបញ្ឆោត ដែលកំពុងរៀបចំ
ប្រភពដែលបានដឹងអំពីកលល្បិចនេះបានបង្ហើបថា ផែនការនេះត្រូវបានគេរៀបចំមានជាជំហានៗ ជាមួយនឹងសេណារីយ៉ូសម្របសម្រួលជាច្រើនដូចជា៖
១. បង្កើតភស្តុតាងជាមួយមីនចាស់ៗ៖ អ្នកឯកទេសដោះមីនថៃ នឹងយកមីនកម្ពុជាចាស់ៗមិនទាន់ផ្ទុះ មកជួសជុលឡើងវិញ ហើយបន្ទាប់មកយកទៅដាក់បង្កប់វាសាជាថ្មីនៅក្នុងទឹកដីថៃ។
២. ក្លែងបន្លំសកម្មភាព ធ្វើជាទាហានកម្ពុជា៖ ទាហានថៃ នឹងស្លៀកពាក់ឯកសណ្ឋានយោធាកម្ពុជា ដែលត្រូវបានគេទិញពីមជ្ឈដ្ឋានផ្សេងៗ ដូចជានៅផ្សាររុងក្លឿ ដើម្បីក្លែងបន្លំធ្វើជាទាហានកម្ពុជា។ ការក្លែងបន្លំស្រដៀងគ្នានេះដែរត្រូវបានថៃ ធ្លាប់យកទៅប្រើប្រាស់រៀបចំហេតុការណ៍ពាក់ព័ន្ធទៅនឹងការបាញ់ជំពាមកៅស៊ូ ប្រើគ្រាប់កូនឃ្លី និងគ្រាប់កូនដែក និងការយកឯកសណ្ឋានយោធាកម្ពុជា ទៅពាក់លើសពទាហានថៃ ក្នុងការកែកាឡៃថា ជាសពរបស់ទាហានកម្ពុជា និងការធ្វើសកម្មភាពផ្សេងទៀត ដើម្បីបង្កើតការចោទប្រកាន់ដាក់កំហុសមកលើទាហានកម្ពុជា។
៣. រៀបចំការផ្ទុះមីន៖ គ្រាប់មីនដែលបានជីកដាំបង្កប់នៅក្នុងប្រទេសថៃ នឹងត្រូវគ្រោងបំផ្ទុះជារៀងរាល់ថ្ងៃ ដើម្បីបង្កើតឧប្បត្តិហេតុជាបន្តបន្ទាប់ និងការធ្វើជាលេសទម្លាក់កំហុសដាក់មកលើភាគីកម្ពុជា ដើម្បី តែការប្រើប្រាស់ជាវិធីសងសឹកសមស្របមួយ ដែលតាមពិតគឺការចង់ទន្ទ្រានយកទឹកដីមរតកវប្បធម៌បុរាណរបស់បុព្វបុរសខ្មែរ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យជាដើម។
៤. ការប្រើប្រាស់អ្នកសង្កេតការណ៍អន្តរជាតិ៖ បន្ទាប់ពីបង្កើតសេណារីយ៉ូទាំងនោះរួច ប្រទេសថៃនឹងអញ្ជើញអ្នកសង្កេតការណ៍មកពីរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ា មកពិនិត្យ «ភស្តុតាង» នៅនឹងកន្លែង ដោយពង្រឹងការនិទានរឿងប្រឌិតរបស់គេដែលនឹងចោទថាកម្ពុជាជាជនល្មើស នេះជា «ល្បិចស្វាស៊ីបាយ លាបមាត់ពពែ»។
៥. ការជំរុញឱ្យមានការឆ្លើយតបផ្នែកយោធា៖ យោងតាមកិច្ចព្រមព្រៀងនៃកិច្ចឈប់បាញ់គ្នា ភាគីកម្ពុជានិងថៃ បានរៀបចំកិច្ចប្រជុំទ្វេភាគីថ្នាក់តំបន់ RBC និងថ្នាក់ដឹកនាំក្រសួងការពារជាតិ GBC ។ គោលបំណងរបស់ថៃ នឹងជម្រុញឱ្យកិច្ចប្រជុំថ្នាក់តំបន់ RBC បរាជ័យដើម្បីជាលេសអាចឈានដល់ការប្រើកម្លាំងបាយដាក់មកលើកម្ពុជា។ ប្រសិនបើកិច្ចប្រជុំ RBC នាពេលខាងមុខនឹងត្រូវបរាជ័យ ប្រទេសថៃនឹងត្រៀមខ្លួនជាស្រេចក្នុងការបើកការវាយលុកយោធា ដោយលើកឡើងពី «ការរំលោភលើគ្រាប់មីន» របស់កម្ពុជា ថាជាដើមចមនៃមូលហេតុ។

កម្ពុជា ដែលទើបនឹងមានសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ-ឈ្នះ កាលពីចុងឆ្នាំ១៩៩៨ មិនមែនជាប្រទេសស្វែងរកសង្គ្រាម ឬ ចង់នាំប្រជាជាតិខ្លួនឯងទៅរកការប៉ះទង្គិចជម្លោះនៃសង្គ្រាមសាជាថ្មីឡើយ។ ក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបាន ប្រើប្រាស់ឱកាសដែលប្រទេសមានសន្តិភាព សម្រាប់តែការស្ថាបនាការអភិវឌ្ឍជាតិសំខាន់ៗរាប់ចាប់តាំងពីផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ។ល។ ដែលអ្វីទាំងអស់ គឺសុទ្ធតែជាសំណង់ស៊ីវិលសុទ្ធសាធ ហើយនៅជាមួយគ្នានេះទៀត កម្ពុជានៅបានដាក់ចក្ខុវិស័យឱ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ថែមទៀត។

ទោះជាយ៉ាងណាសន្តិភាព ដែលស្ថិតស្ថេរ២៦ឆ្នាំរួចមកនេះកំពុងរងការគំរាមជាថ្មី ពីទង្វើឈ្លានពានរបស់ថៃ។ ក្នុងបរិយាកាសប្រឈមបែបនេះ កម្ពុជាមានតែជម្រើសតែមួយគត់គឺ សិទ្ធិការការពារខ្លួន និងប្រជាជនកម្ពុជាប្តេជ្ញាលះបង់ជីវិតដើម្បីការពារជាតិនិងមាតុភូមិ ដោយមិនបណ្តោយឱ្យសត្រូវចូលមកឈ្លានពានបានឡើយ។ កម្ពុជា មិនប្រាថ្នាសង្គ្រាមឡើយ, ប៉ុន្តែជាប្រទេសសមាជិកនៃអនុសញ្ញាអូតាវ៉ា តាំងពីឆ្នាំ១៩៩៩ កម្ពុជាបានកាន់ខ្ជាប់នូវបំណងប្រឆាំងគ្រាប់មីន ដោយមិនដែលផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ។

ទន្ទឹមនឹងនេះ ការប្រើល្បិចកលអស្ចារ្យដ៏ខ្វក់របស់ថៃ ដែលចេតនាពិតប្រាកដ គឺដើម្បីដណ្តើមយកទឹកដីកម្ពុជា ក្នុងតំបន់ជាប់ព្រំដែន ដែលមានប្រាសាទបុរាណ កំពុងប៉ុនប៉ងបិទបាំងភ្នែកពិភពលោកហើយ។ ទន្ទឹមនឹងភាពធ្ងន់ធ្ងរនៃល្បិចកលដែលថៃបានរៀបចំដើម្បីរកការទម្លាក់កំហុសដាក់មកលើប្រទេសកម្ពុជាក្នុងពេលនេះ, កម្ពុជា បានអំពាវនាវដល់ប្រទេសមហាអំណាច ប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ដែលមានសមត្ថភាពលើផ្កាយរណប សូមជួយពិនិត្យលើសកម្មភាពកងទ័ពនៃប្រទេសទាំងពីរនៅតាមព្រំដែន ពិនិត្យមើលថាតើនរណា ជាអ្នកដាក់មីនពិតប្រាកដ បន្ថែមពីលើអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

ប្រសិនបើប្រទេសថៃ ពិតជាជាបានសម្រេចនូវល្បិចកលដ៏ខ្មៅកខ្វក់របស់ខ្លួនលើផែនការ បង្កើតភស្តុតាងជាមួយមីនចាស់ៗ, ក្លែងបន្លំសកម្មភាពធ្វើជាទាហានកម្ពុជា, រៀបចំការផ្ទុះមីន និងការប្រើទង្វើនោះ បោកប្រាស់អ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីជាលេសវាយប្រហារដាក់មកលើកម្ពុជាមែននោះ, វាមិនត្រឹមតែបង្កហានិភ័យដល់ជម្លោះប្រដាប់អាវុធតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញទំនុកចិត្តក្នុងអាស៊ាន និងសហគមន៍អន្តរជាតិទៀតផង។

វិធីដើម្បីការការពារដ៏ល្អបំផុត ដើម្បីរារាំងការបញ្ចៀសសង្គ្រាមផ្ទុះឡើងសាជាថ្មីវិញនាពេលនេះ គឺការប្រញាប់ដាក់ពង្រាយយន្តការសង្កេតការណ៍អាស៊ាន ឱ្យបានលឿនជាទីបំផុតដើម្បីការមើលឃើញឱ្យច្បាស់នៅនឹងកន្លែងក្នុងការចង់ដឹងថាតើអ្នកណាជាអ្នកឈ្លានពាន និងអ្នកណាជាអ្នករងគ្រោះ។

ដូចសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងចំណុចទី៧ បានសរសេរថា៖ «ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ កម្ពុជាសូមអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ាន ព្រមទាំងភាគីឯទៀតដែលបានសហការសម្របសម្រួលបទឈប់បាញ់ ជួយពន្លឿនការបង្កើតយន្តការត្រួតពិនិត្យដ៏រឹងមាំ មិនលម្អៀង និងឯករាជ្យ ដើម្បីធានាបាននូវការគោរពពេញលេញចំពោះបទឈប់បាញ់ ដែលបានព្រមព្រៀងគា្នរួចហើយ ទប់ស្កាត់កំណើនភាពតានតឹងនិងជៀសវាងបង្កគ្រោះថ្នាក់បន្ថែមទៀតដល់អាយុជីវិតរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិល»៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed