កម្ពុជាប្តេជ្ញាប្រែក្លាយអតីតកាលដ៏ឈឺចាប់ ទៅជាសារនៃសន្តិភាព
ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃសុក្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញដើម្បីអបអរសាទរជាផ្លូវការនៃព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមុនី្ន។ ថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងស្មារតីចងចាំ យុត្តិធម៌ ឯកភាពជាតិ និងសន្តិភាពយូរអង្វែង។ លោកបានសង្កត់ធ្ងន់ថា ដំណើររបស់កម្ពុជា ពីប្រទេសដែលបន្លាចដោយអំពើប្រល័យពូជសាសន៍ និងសង្រ្គាម ទៅជាប្រទេសមួយដែលសម្គាល់ដោយសន្តិភាព និងការអភិវឌ្ឍន៍ គឺជាគំរូដ៏មានឥទ្ធិពលសម្រាប់ពិភពលោក។ ការប្រារព្ធពិធីនេះធ្វើឡើងបន្ទាប់ពីមានការចុះបញ្ចីនៃទីតាំងសំខាន់ៗចំនួនបីដែលទាក់ទងនឹងរបបខ្មែរក្រហមក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានធ្វើឡើងកាលពីសប្តាហ៍មុននៅទីក្រុងប៉ារីសប្រទេសបារាំង។…
